រដ្ឋាភិបាលវៀតណាមសម្រេចបញ្ចប់វិធានការគម្លាតពីសង្គម ក្រោយពីរកពុំឃើញករណីឆ្លងថ្មី៨ថ្ងៃជាប់គ្នា

0
370

វៀតណាម៖ រដ្ឋាភិបាល​ប្រទេស​វៀតណាម កាលពី​ថ្ងៃពុធ​កន្លងទៅនេះ បាន​សម្រេច​បញ្ចប់​វិធានការ​គម្លាត​ពី​សង្គម ក្រោយ​ប្រទេស​មួយ​នេះ ពុំ​រកឃើញ​មាន​ករណី​ឆ្លងថ្មី នៃ​វីរុស​កូវីដ​១៩ រយៈ​ពេល​៨ថ្ងៃជាប់គ្នា។ នេះបើ​តាម​ការ​ជូនដំណឹង​របស់​ស្ថានឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២០​ម្សិលមិញ។

ការ​សម្រេច​បញ្ចប់​វិធានការ​គម្លាត​ពីសង្គម របស់​រដ្ឋាភិបាល​វៀតណាម​នេះ បានធ្វើ​ឲ្យ​ស្ថានភាពសេដ្ឋកិច្ច-សង្គម ចាប់​ផ្តើម​ដំណើរ​ការ​ឡើងវិញ​ជា​បណ្តើរៗ ហើយ​សាលា​រៀន​គ្រប់​កម្រិត​សិក្សា រួម​ទាំង​សាកលវិទ្យាល័យ​នានា នឹងអាច​ចាប់បើក​ដំណើរ​ការ​ឡើងវិញ​នៅពេល​ខាងមុខ​នេះ។

ជាមួយ​គ្នា​នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម ក៏​បាន​ស្នើ​ដល់​បងប្អូន​សិស្ស និស្សិត និង​សិក្ខា​កាម ដែលមាន​បំណង​ត្រឡប់​មក​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​វៀតណាមឡើងវិញ មេត្តា​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួនពី​ជំងឺកូវីដ​១៩ នៅ​ទីកន្លែង​ដែលមាន​សុវត្ថិភាព​មួយ​រយៈ ហើយ​សូម​បងប្អូនបន្ត​ទាក់ទង​ជាមួយ​សាកលវិទ្យាល័យ ឬ​គ្រឹះស្ថាន​សិក្សា​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បីទទួល​បាន​ព័ត៌មាន​អំពី​នីតិវិធី នៃ​ការ​បើក​ដំណើរ​ការ​ចូលសិក្សា​រៀន​សូត្រ​ឡើងវិញ។

គួរ​បញ្ជាក់ថា គិតត្រឹម​ល្ងាច​ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២០ អ្នក​ឆ្លង​ជំងឺកូវីដ​១៩ នៅ​ប្រទេស​វៀតណាម​មាន​ចំនួន ២៦៨ករណី ក្នុងនោះ​អ្នកជំងឺ ២២៤នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​នៅ​សល់​អ្នក​ជំងឺ ៤៤នាក់ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here